ទ្រង់កម្សាន្តចិត្តយើងរាល់គ្នាក្នុងគ្រប់ទាំងសេចក្តីវេទនា
២កូរិនថូស ១:៣-៤ សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្ដាករុណា ជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូក
៤ ដែលទ្រង់កម្សាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនាប្រយោជន៍ឱ្យយើងអាចនឹងកម្សាន្តចិត្តអ្នកឯទៀតក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរគឺដោយសារសេចក្ដីក្សាន្តនោះឯងដែលព្រះបានកម្សាន្តចិត្តយើងស្រេចហើយ។
ព្រះជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូក
២កូរិនថូស ១:៣ បង្ហាញពីអារម្មណ៍របស់ប៉ុលថា៖“សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើងរាល់គ្នាគឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណាជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូក” ។ ប៉ុលបាននិយាយ អំពីទុក្ខវេទនាការរងទុក្ខនិងការកម្សាន្តចិត្តនៅក្នុងខ៤ និង៥នេះ ហើយក៏បានចង្អុលបង្ហាញថា គាត់ជាមនុស្សដែលមានអារម្មណ៍ច្រើន ។ តាមគំនិតរបស់ខ្ញុំ ប៉ុលហាក់ដូចជាបង្រួញខទាំងបីនេះទៅជាប្រយោគតែមួយដែលថា“បងប្អូនជាទីស្រឡាញ់នៅក្រុងកូរិនថូសអើយ ពីព្រោះខ្ញុំត្រូវបានកម្សាន្តចិត្តដោយព្រះឥឡូវនេះខ្ញុំក៏កម្សាន្តចិត្តដល់អ្នករាល់គ្នាដែរ”។
ការបានកម្សាន្តចិត្តនៅខាងក្នុងដោយការហៅអំពាវនាវ “ឱព្រះអម្ចាស់យេស៊ូ”
នៅពេលដែលយើងជួបការលំបាក តើយើងបានទទួលបានការកម្សាន្តចិត្ត ដោយការអំពាវនាវដល់ លោកហ្គោរវ៉ាស៊ីនតោន (George Washington)បានឬ?ពិតណាស់ ការអំពាវនាវដល់លោកផ្លាតូ(Plato)ក៏មិនអាចឱ្យយើងមានអំណរដែរ។ នេះគឺដូចគ្នានឹងការអំពាវនាវដល់លោកសូក្រាតSocratesលោកខុងជឺឬលោកម៉េនស៊ីសMencius។ យើងមានការឆ្លើយតបតែនៅពេលយើងអំពាវនាវដល់ព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះមិនថាយើងរីករាយឬសោកសៅទេ។ ប្រសិនបើយើងមករកព្រះអម្ចាស់យេស៊ូ នៅពេលដែលយើងមានទុក្ខព្រួយ និងអស់សង្ឃឹម ហើយហៅអំពាវនាវថា «ឱព្រះអម្ចាស់យេស៊ូ»នោះយើងនឹងបានការកម្សាន្តចិត្តពីខាងក្នុង។ យើងមិនចាំបាច់ និយាយពីបញ្ហារបស់យើងទេ។ ប្រហែលនៅខាងក្រៅយើងមើលទៅ ដូចជានៅតែសោកសៅ ប៉ុន្តែនៅក្នុងយើងគឺច្បាស់ថាព្រះអម្ចាស់នឹងទទួលខុសត្រូវសម្រាប់យើង។ យើងដឹងថាព្រះអម្ចាស់មិនដែលខុសទេហើយយើងបានទទួលការកម្សាន្តចិត្ត។
បទពិសោធន៍ការកម្សាន្តចិត្តរបស់ព្រះដែលយើងអាចកម្សាន្តចិត្តដល់អ្នកដទៃ
នៅក្នុងខ៤ប៉ុលនិយាយថា យើងកម្សាន្តចិត្តដល់អ្នកដែលកំពុងរងទុក្ខវេទនាតាមរយៈការកម្សាន្តចិត្តដែលយើងបានទទួលពីព្រះ។ ជាដំបូងយើងត្រូវទទួលការកម្សាន្តចិត្តពីព្រះ។ បន្ទាប់មកទើបយើងអាចកម្សាន្តចិត្តអ្នកដទៃ ដោយការកម្សាន្តចិត្តដែលយើងទទួលពីព្រះនោះ។ ដូច្នេះយើងបានទទួលការកម្សាន្តចិត្ត ហើយយើងអាចកម្សាន្តចិត្តដល់អ្នកដទៃ។ នេះទាមទារឱ្យយើងមានបទពិសោធន៍។ នៅពេលយើងមានបទពិសោធន៍យើងនឹងមានដើមទុនខាងវិញ្ញាណសម្រាប់កម្សាន្តចិត្តអ្នកដទៃ។ ប្រសិនបើអ្នកមិនដែលរងទុក្ខ ហើយមិនដែលបានទទួលការកម្សាន្តចិត្តពីព្រះ អ្នកនឹងមិនអាចកម្សាន្តចិត្តអ្នកដទៃបានទេ។ ពាក្យកម្សាន្តចិត្តរបស់អ្នកគឺឥតន័យ។ អ្នកនឹងដូចជាមនុស្សម្នាក់បានសរសេរមូលប្បទានប័ត្រធំមួយ ប៉ុន្តែមិនមានប្រាក់សន្សំនៅក្នុងធនាគារដើម្បីទូទាត់មូលប្បទានប័ត្រនេះទេ។ អ្នកគ្មានការពិត គ្មានបទពិសោធន៍ក៏គ្មានដើមទុនខាងវិញ្ញាណដែរ។ ជាដំបូងយើងត្រូវរងទុក្ខដើម្បីការកើនឡើងរបស់ព្រះអម្ចាស់ ហើយបន្ទាប់មកបានទទួលការលួងលោមចិត្ត និងការកម្សាន្តចិត្តពីព្រះ។ បន្ទាប់មកបទពិសោធន៍នេះនឹងក្លាយជាដើមទុនខាងវិញ្ញាណដើម្បីកម្សាន្តចិត្តអ្នកដទៃ។ តាមរបៀបនេះយើងបានទទួលការកម្សាន្តចិត្ត ហើយបន្ទាប់មកយើងកម្សាន្តចិត្តអ្នកដទៃ។
ការអធិដ្ឋាន៖
ព្រះអម្ចាស់យេស៊ូ សរសើរព្រះអង្គជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូក អរគុណព្រះអង្គដែលបានកម្សាន្តចិត្តដល់យើង នៅពេលយើងមានទុក្ខព្រួយ។ ព្រះអម្ចាស់អើយ ទូលបង្គំត្រូវការបទពិសោធន៍នៃការកម្សាន្តចិត្តរបស់ព្រះអង្គបន្ថែមទៀត ដើម្បីឱ្យទូលបង្គំអាចកម្សាន្តចិត្តដល់អ្នកដទៃ។ នៅពេលទូលបង្គំមានអារម្មណ៍សោកសៅ និងអស់សង្ឃឹមទូលបង្គំសុខចិត្តហៅអំពាវនាវព្រះអង្គ ហើយតាមរយៈការហៅអំពាវនាវទូលបង្គំនឹងត្រូវបានកម្សាន្តចិត្ត។