Comfort in Trials-Khmer (18)

ការកម្សាន្តចិត្តក្នុងការសាកល្បង សេចក្តីសុខសាន្តដ៏លើសលប់ (៣)

សេចក្តីសុខសាន្តរបស់ព្រះតែងតែការពារចិត្តរបស់យើង

យ៉ូហាន១៤:២៧ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំអោយសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ។

ព្រះបានផ្តល់សេចក្តីសុខសាន្តរបស់ទ្រង់មកដល់យើង

នៅក្នុងគ្រាសញ្ញាថ្មីមានឈ្មោះពីរ ព្រះនៃសេចក្តីសុខសាន្ត (ភីល៤:៩,១ថស៥:២៣) និងសេចក្តីសុខសាន្តរបស់ព្រះ(ភីល៤:៧)។ ឈ្មោះទាំងពីរនេះបង្ហាញថា ព្រះអម្ចាស់ទ្រង់ផ្ទាល់ ជាសេចក្តីសុខសាន្តរបស់យើង។នៅក្នុងអេភេសូ២:១៤ ក៏បានបង្ហាញថា ព្រះគ្រិស្តទ្រង់ផ្ទាល់ ជាសេចក្តីសុខសាន្តរបស់យើង។ សេចក្តីសុខសាន្តនេះ គឺព្រះជាម្ចាស់ចូលក្នុងយើងហើយយើងបានចាក់គ្រឹះនៅក្នុងទ្រង់។  នេះមិនមែនជាសេចក្តីសុខសាន្តនៅផ្នែកខាងក្រៅទេ ប៉ុន្តែជាសេចក្តីសុខសាន្តផ្នែកខាងក្នុងដែលយើងត្រូវបានការពារ។

ព្រះអម្ចាស់យេស៊ូប្រាប់យើងថា “ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ(យហ១៤:២៧)។ ឥឡូវនេះដែលព្រះអម្ចាស់បាន ប្រទានដល់យើងនូវសេចក្តីសុខសាន្តរបស់ទ្រង់ យើងគួរតែរស់នៅក្នុងសេចក្តីសុខសាន្តរបស់ទ្រង់នៅថ្ងៃនេះ។

មធ្យោបាយដើម្បីទទួលអំណរសេចក្តីសុខសាន្ត
គឺការប្រកបជាមួយទ្រង់ តាមរយៈការអធិដ្ឋាន

នៅលើពិភពលោកសព្វថ្ងៃនេះគ្មានសេចក្តីសុខសាន្តទេ។មិនមានសេចក្តីសុខសាន្តរវាងមនុស្សនិងព្រះ ឬសូម្បីក្នុងចំណោមមនុស្សពួកគេផ្ទាល់ក៏គ្មានដែរ។ នៅក្នុងគ្រួសារជាច្រើន សាលារៀន កន្លែងធ្វើការ និងសូម្បីតែក្រុមសាសនាជាច្រើនក៏គ្មានសេចក្តីសុខសាន្តដែរ មនុស្សសព្វថ្ងៃនេះចង់បានសេចក្តីសុខសាន្ត។ ពួកគេច្រើនតែនិយាយអំពីសេចក្តីសុខសាន្ត ប៉ុន្តែពួកគេមិនមានសេចក្តីសុខសាន្ត ពួកគេមិនដឹងថាសេចក្តីសុខសាន្ត គឺជាព្រះគ្រិស្តទ្រង់ផ្ទាល់ទេ អេភេសូរ២:១៤ ប្រាប់ថាព្រះគ្រិស្តជា “សេចក្ដីសុខសាន្តរបស់យើង”។

តាមពិតទៅសេចក្តីសុខសាន្តនៃព្រះ និងសេចក្តីសុខសាន្តរបស់ព្រះគឺតែមួយ។ នៅពេលព្រះអម្ចាស់គង់ជាមួយយើង នោះសេចក្តីសុខសាន្តក៏នៅជាមួយយើងដែរ។ សេចក្តីសុខសាន្តដ៏ពិតដែលយើងអំណរគឺជាព្រះអម្ចាស់ទ្រង់ផ្ទាល់។ មធ្យោបាយដើម្បីទទួលអំណរ

សេចក្តីសុខសាន្តរបស់ព្រះគឺការប្រកបជាមួយទ្រង់ តាមរយៈការអធិដ្ឋាន។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរភីលីព មេរៀនទី២៨)

ចូរទូលដល់ព្រះដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង
យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ នឹងជួយការពារយើង

ភីលីព៤:៦-៧ចែងថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រិស្តយេស៊ូ”។ រឿងដំបូងដែលផ្តល់ឲ្យយើងមានសេចក្តីសុខសាន្ត គឺទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់យើងក្នុងគ្រប់ការទាំងអស់។ យើងអាចទូលប្រាប់ព្រះជាម្ចាស់អំពី ការងារ តម្រូវការ និងផលវិបាកដែលយើងជួបប្រទះ។ យើងគួរនិយាយទៅព្រះអម្ចាស់ថា “ឱព្រះអម្ចាស់អើយ ទូលបង្គំប្រគល់រឿងរ៉ាវទាំងអស់នេះទៅព្រះហស្តរបស់ទ្រង់ហើយ”។ យើងអាចប្រគល់អ្វីក៏ដោយដែលយើងជួបប្រទះទៅព្រះអម្ចាស់តាមរយៈសេចក្តីអធិដ្ឋាន សេចក្តីទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត។ព្រះអង្គនឹងការពារយើង។ អ្វីដែលយើងត្រូវធ្វើ នោះគឺទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់យើងតាមរយៈសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ ដរាបណាយើងជួបប្រទះរឿងរ៉ាវណាមួយ យើងត្រូវតែប្រគល់រឿងរ៉ាវនោះទៅព្រះអង្គភ្លាមៗ ។ នៅពេលដែលយើងបានធ្វើការប្រគល់យ៉ាងដូច្នេះ សេចក្តីសុខសាន្តរបស់ព្រះអង្គការពារយើង។នៅពេលណាដែលយើងធ្វើការប្តេជ្ញាចិត្តប្រគល់ដល់ព្រះ នោះសេចក្តីសុខសាន្តរបស់ព្រះនឹងមកដល់។ តាមវិធីនេះ យើងអាចរួចផុតមានសេរីភាពពីឥទ្ធិពលខាងក្រៅគ្រប់ពេលវេលា។ មិនថាវាពិបាកយ៉ាងណាក៏ដោយ ឬកិច្ចការច្រើនយ៉ាងណាក៏ដោយ សេចក្តីសុខសាន្តរបស់ព្រះនៅ ក្នុងយើងនឹងការពារចិត្តរបស់យើង។

ការអធិដ្ឋាន:

ព្រះអម្ចាស់យេស៊ូ សរសើរតម្កើងព្រះអង្គជាព្រះនៃសេចក្តីសុខសាន្ត។ ព្រះអង្គជាសេចក្តីសុខសាន្តដ៏ពិតនៅក្នុងទូលបង្គំ។ សូមប្រទានសេចក្តីសុខសាន្តដល់ទូលបង្គំ នៅពេលដែលទូលបង្គំជួបការពិបាក។ ព្រះអម្ចាស់យេស៊ូអើយ មិនថាវាពិបាកយ៉ាងណាក៏ដោយ ឬកិច្ចការច្រើនយ៉ាងណាក៏ដោយ ទូលបង្គំនឹងថ្វាយពួកវាទៅទ្រង់ សូមតែសេចក្តីសុខសាន្តរបស់ទ្រង់នៅក្នុងទូលបង្គំនឹងការពារចិត្តរបស់យើង។ អាមែន!