Comfort in Trials-Khmer (30)

ព្រះគ្រិស្តជាសាសន៍សាម៉ារីដ៏ល្អផ្តល់ឱ្យយើងនូវការព្យាបាលយ៉ាងថ្នាក់ថ្នម

លូកា ១០:៣៣-៣៤ តែមានសាសន៍សាម៉ារីម្នាក់ដើរ ដំណើរមកដល់កាលបានឃើញហើយ នោះក៏មានចិត្តក្ដួលអាណិតដល់គាត់ ៣៤ទើបចូលទៅរុំរបួសឱ្យព្រមទាំងយកប្រេងនឹងស្រាចាក់លាបរួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ថែទាំរក្សាគាត់។

ព្រះគ្រិស្តជាសាសន៍សាម៉ារីដ៏ល្អជាមួយនឹងចិត្តក្តួលអាណិត

ហើយជួយសង្គ្រោះអ្នករបួសរងគ្រោះ

លូកា១០:៣៣ និយាយអំពីសាសន៍សាម៉ារីម្នាក់ដែលពេញដោយចិត្តក្តួលអាណិត បានឃើញមនុស្សម្នាក់ ដែលធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ ។ «តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្ដួលអាណិតដល់គាត់»។ សាសន៍សាម៉ារីនិមិត្ដរូបពីព្រះអង្គសង្រ្គោះដ៏ជាមនុស្ស។ នៅក្នុងដំណើរការនៃការស្វែងរកមនុស្សបាត់បង់និងជួយសង្រ្គោះមនុស្សមានបាប(១៩:១០) បានមកដល់កន្លែងជនរងគ្រោះដែលស្ថិតនៅក្នុងសភាពសោកសៅ និងវេទនាទាំងរងរបួសដោយពួកចោរនៃសាសនាយូដា។ នៅពេលទ្រង់បានឃើញគាត់ ទ្រង់មានចិត្តក្តួលអាណិតដល់គាត់ ដោយសភាពមនុស្សដែលរួមមានសភាពព្រះរបស់ទ្រង់។ សេចក្ដីក្តួលអាណិត គឺនៅជ្រៅជាងសេចក្ដីមេត្ដាករុណា ដោយចេញពីការថ្នាក់ថ្នមដែលនៅអារម្មណ៍ផ្នែកខាងក្នុង។

 

ផ្តល់ឱ្យយើងនូវការព្យាបាលយ៉ាងថ្នាក់ថ្នម និងការថែរក្សានៃសេចក្ដីសង្គ្រោះ

ហើយបំពេញនូវតម្រូវការបន្ទាន់របស់យើង

ខ៣៤ ដល់៣៥ ពណ៌នាអំពីអ្វីដែលសាសន៍សាម៉ារីបានធ្វើចំពោះមនុស្សម្នាក់ ដែលត្រូវបានគេដោះសម្លៀកបំពាក់ហើយវាយដំដល់ស្ទើរតែស្លាប់៖សាសន៍សាម៉ារីបានផ្តល់ឱ្យគាត់នូវការព្យាបាលយ៉ាងថ្នាក់ថ្នម និងការថែរក្សានៃសេចក្ដីសង្គ្រោះហើយបានបំពេញនូវតម្រូវការបន្ទាន់របស់គាត់។

«ទើបទ្រង់ចូលទៅហើយរុំរបួសឱ្យ ព្រមទាំងយកប្រេង នឹងស្រា ចាក់លាបលើគាត់» (ខ៣៤ក)។ ការរុំរបួសឱ្យបង្ហាញថា ទ្រង់បានព្យាបាលគាត់។ ការចាក់ប្រេងនិងស្រាលើស្នាមរបួសរបស់គាត់បង្ហាញពីការប្រទានឱ្យគាត់នូវព្រះវិញ្ញាណបរិសុទ្ធនិងជីវិតព្រះ។ នៅពេលដែលព្រះអង្គសង្គ្រោះដ៏ជាមនុស្សបានមករកយើង ទ្រង់បានចាក់ព្រះវិញ្ញាណនិងជីវិតព្រះរបស់ទ្រង់មកលើរបួសរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ធនិងជីវិតព្រះ គឺជាអំណោយដែលពួកអ្នកជឿទាំងអស់បានទទួល(១កូរិនថូស១:៧)។ អំណោយទាំងពីរនេះបានប្រទានឱ្យយើងសម្រាប់ព្យាបាលយើង។ ចាប់ពីពេលដែលយើងបានសង្រ្គោះ យើងពិតជាបានទទួលការព្យាបាលដោយព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងជីវិតព្រះ។ ព្រះវិញ្ញាណ គឺជាប្រេងដែលធ្វើឱ្យស្រាកស្រានចិត្តយើង ហើយជីវិតព្រះគឺជាអង្គធាតុដែលធ្វើឱ្យយើងរីករាយឡើងតាមរយៈព្រះវិញ្ញាណ។

ការទទួលយកព្រះអម្ចាស់ ហើយការអនុវត្តទ្រង់ក្នុងស្ថានភាពរបស់យើង

យើងទាំងអស់គ្នានឹងប្រឈមបញ្ហានៅក្នុងជីវិត។ នៅក្នុងបទពិសោធន៍ជាច្រើនឆ្នាំខ្ញុំបានមើលឃើញថា មានថ្នាំបន្សាបពិសតែមួយគត់ចំពោះបញ្ហារបស់យើង។ ថ្នាំបន្សាបពិសនេះគឺរូមបញ្ចូលគ្រប់ទាំងអស់និងមានប្រសិទ្ធិភាពណាស់នោះគឺជាព្រះទ្រង់ផ្ទាល់។ មានតែទ្រង់ទេ គឺជាចម្លើយចំពោះបញ្ហារបស់យើងនិងជាការព្យាបាលចំពោះរាល់ការវឹកវររបស់យើង។ ប្រសិនបើយើងមិនអនុញ្ញាតឱ្យព្រះចូលមកក្នុងស្ថានភាពរបស់យើង នោះជីវិតយើងនឹងដូចជាសុបិន្តមួយដែលទទេ។ បើគ្មានព្រះទេ មុខដំបូងក្តីសុបិន្តរបស់យើងទាំងអស់នឹងក្លាយជាបញ្ហា បន្ទាប់មកនឹងក្លាយជាវឹកវរ ចុងក្រោយនឹងទៅជាសេចក្តីស្លាប់។ ប៉ុន្តែប្រសិនបើយើងទទួលព្រះអម្ចាស់ហើយយកទ្រង់មកអនុវត្តនៅក្នុងស្ថានភាពរបស់យើងនោះស្ថានភាពនឹងខុសគ្នា។ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់ហើយពិតប្រកដទាំងជាក់ស្តែងយើងអាចភ្លក្សរសជាតិទ្រង់ហើយអំណរនឹងទ្រង់។

 

បងប្អូនប្រុសស្រីអើយ តើអ្នកត្រូវការការកម្សាន្តចិត្តទេ?តើអ្នកត្រូវការការលើកទឹកចិត្តទេ?តើអ្នកត្រូវការការព្យាបាលទេ?គ្រាន់តែទាក់ទងទ្រង់ដោយនិយាយថា «ព្រះអម្ចាស់ អូ ព្រះអម្ចាស់អើយ!» ហើយអ្នកនឹងត្រូវបានលើកទឹកចិត្ត។ អ្នកនឹងត្រូវបានព្យាបាល។ មិនថានៅកន្លែងណាក៏ដោយ ដែលយើងអាចដកដង្ហើមបានយើងក៏អាចទាក់ទងព្រះគ្រិស្ត។ ទ្រង់នៅជិត ហើយអាចងាយរកជាងខ្យល់ទៅទៀត ពីព្រោះខ្យល់គឺនៅខាងក្រៅយើង ប៉ុន្តែទ្រង់គង់នៅខាងក្នុងយើង។ យើងត្រូវតែរៀនទាក់ទងទ្រង់គ្រប់ទាំងអស់។ គ្រាន់តែទំនាក់ទំនងជាមួយទ្រង់តិចតួចប៉ុណ្ណោះ ទ្រង់នឹងផ្តល់អំណាចនិងកម្លាំងដល់យើង។ ទ្រង់គឺជាអ្វីគ្រប់យ៉ាងដែលយើងត្រូវការហើយទ្រង់គឺនៅក្នុងវិញ្ញាណរបស់យើង។

 

ការអធិដ្ឋាន៖

ព្រះអម្ចាស់ជាទីស្រឡាញ់អើយ អរគុណព្រះអង្គគឺជាសាសន៍សាម៉ារីដ៏ល្អដែលពោរពេញទៅដោយចិត្តក្តួលអាណិតព្រះអង្គបានផ្តល់ឱ្យពួកទូលបង្គំនូវការព្យាបាលយ៉ាងថ្នាក់ថ្នម និងការថែរក្សានៃសេចក្ដីសង្គ្រោះ។ ឱព្រះអម្ចាស់អើយ ទូលបង្គំត្រូវការព្រះអង្គជាការព្យាបាលរបស់ទូលបង្គំ ត្រូវការព្រះអង្គរុំទូលបង្គំដោយប្រេងនិងស្រា ហើយផ្គត់ផ្គង់ទូលបង្គំដោយព្រះវិញ្ញាណនិងជីវិត។ ព្រះអង្គគួរឱ្យស្រឡាញ់និងនៅជិតទូលបង្គំ ដរាបណាទូលបង្គំបានប៉ះពាល់ព្រះអង្គ ព្រះអង្គនឹងផ្តល់ឱ្យទូលបង្គំនូវថាមពលនិងកម្លាំងបំពេញរាល់តម្រូវការរបស់ទូលបង្គំ។