Comfort in Trials-Khmer (13)

កម្សាន្តចិត្តនៅក្នុងការសាកល្បង
ឥទ្ឋិពលនៃការទទូចអង្វរ

ការអធិដ្ឋានក្នុងវិញ្ញាណរាល់ពេលរាល់វេលា
ហើយទទូចអង្វរ
ឲ្យពួកបរិសុទ្ធទាំងអស់

១ធីម៉ូថេ២:១ ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិដ្ឋាន នឹងពាក្យទូលអង្វរ ឲ្យមនុស្សទាំងអស់

អេភេសូរ៦:១៨ព្រមទាំងប្រើសេចក្ដីអធិដ្ឋាន និងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិដ្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា  ហើយចាំយាមក្នុងសេចក្ដីនោះឯង ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន និងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់

ការអធិដ្ឋានជាទូទៅ និងការទូលសូម គឺពិសេសសម្រាប់តម្រូវការពិសេស

នៅក្នុង១ធីម៉ូថេ២:១ ប៉ុលនិយាយអំពីពាក្យទូលសូម ពាក្យអធិដ្ឋាន ពាក្យទទូចអង្វរ និងពាក្យអរព្រះគុណ។ ការអធិដ្ឋានជាទូទៅនិងមានធាតុនៃការថ្វាយបង្គំ និងការប្រកប។ ទូលសូម គឺពិសេសសម្រាប់តម្រូវការពិសេស។ ពាក្យប្រែក្នុងភាសាក្រិក “ទទូចអង្វរ” មានន័យថា ចូលទៅជិតព្រះបែបផ្ទាល់ខ្លួននិងដោយទុកចិត្ត នោះគឺធ្វើអន្តរាគមន៍នៅចំពោះព្រះក្នុងរឿងរ៉ាវរបស់អ្នកដទៃសម្រាប់ប្រយោជន៍ របស់ពួកគេ។

នៅក្នុងការបញ្ជាក់អំពីពាក្យទូលសូម ពាក្យអធិដ្ឋាន ពាក្យទទូចអង្វរ និងពាក្យអរព្រះគុណ វិញ្ញាណរបស់ប៉ុលពិតជាមានបន្ទុកខ្លាំងចំពោះសារៈសំខាន់នៃការអធិដ្ឋាន។គាត់ចង់ឱ្យកូនខាងវិញ្ញាណជាទីស្រឡាញ់របស់គាត់អធិដ្ឋាន។ខ្ញុំសង្កត់ធ្ងន់ពីការពិតនេះម្ដងហើយម្ដងទៀតថា យើងអាចមានការដំណើរជីវិតក្រុមជំនុំបាន លុះត្រាតែយើងមានជីវិតអធិដ្ឋាន។ ខ្ញុំអាចធ្វើទីបន្ទាល់ថា ការអធិដ្ឋានរបស់ខ្ញុំមិនដែលមានច្រើនដូចប៉ុន្មានឆ្នាំថ្មីៗនេះនោះទេ។ ខ្ញុំក៏អាចធ្វើទីបន្ទាល់ថា ការអធិដ្ឋានរបស់ខ្ញុំត្រូវបានឆ្លើយតបយ៉ាងទៀងទាត់។ នាពេលបច្ចុប្បន្ន សកម្មភាពរបស់ខ្ញុំនៅមានកម្រិត ដូច្នេះខ្ញុំអាចសម្រាកបាន និងយកចិត្តទុកដាក់ចំពោះសុខភាពរាងកាយរបស់ខ្ញុំ។ ទន្ទឹមនឹងនេះដែរ នៅពេលណាដែលខ្ញុំបានឮពីតម្រូវការខ្លះ ខ្ញុំនឹងអធិដ្ឋានសម្រាប់តម្រូវការទាំងនោះ។ សូមឱ្យយើងទាំងអស់គ្នារៀនមេរៀននេះ ដែលជាផ្លូវធ្វើឱ្យមានការដំណើរជីវិតក្រុមជំនុំល្អ នោះគឺអធិដ្ឋាន។ នេះពិតជាសំខាន់ណាស់។ ប្រសិនបើការជជែករបស់យើង ត្រូវបានប្រែទៅជាការអធិដ្ឋាន នោះក្រុមជំនុំនៅក្នុងតំបន់របស់យើងនឹងត្រូវបានផ្លាស់ប្រែ។

អធិដ្ឋាននៅក្នុងវិញ្ញាណរាល់ពេលរាល់វេលា

គ្រិស្ទានត្រូវតែជាអ្នកអធិដ្ឋាន។ មិនអធិដ្ឋាន គឺជាបាប។ ប្រសិនបើ អ្នកមិនអធិដ្ឋានសម្រាប់អ្នកដទៃ ពួកបងប្អូនបរិសុទ្ធ ឬគ្រួសាររបស់អ្នកទេ យ៉ាងនោះគឺអ្នកកំពុងតែធ្វើបាបហើយ។ ទោះជាយ៉ាងណាក៏ដោយ មិនមានគ្រិស្ទានច្រើនចាត់ទុកខ្វះការអធិដ្ឋាន គឺជាបាបនោះទេ។ យើងត្រូវហ្វឹកហាត់ឆន្ទៈរបស់យើងដើម្បីធ្វើជាមនុស្សអធិដ្ឋាន។ ដើម្បីឱ្យមានជីវិតនៃការអធិដ្ឋានត្រឹមត្រូវ នោះគំនិតរបស់យើងត្រូវតែច្បាស់លាស់ អារម្មណ៍របស់យើងត្រូវតែបានតម្រង់ ហើយឆន្ទៈរបស់យើងត្រូវតែបានពង្រឹងឡើង។ បន្ទាប់មកយើង នឹងអាចអធិដ្ឋាននៅក្នុងវិញ្ញាណរាល់ពេលរាល់វេលា។

ចាំយាមក្នុងសេចក្តីនោះឯង
ទូលអង្វរឲ្យពួកបងប្អូនបរិសុទ្ធទាំងអស់

នៅក្នុងអេភេសូរ ៦:១៨ ប៉ុលនិយាយថា “ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់” ។ នេះបង្ហាញថាយើងត្រូវចាំយាម និងប្រុងប្រយ័ត្នជាដរាបចំពោះជីវិតនៃការអធិដ្ឋាននេះ ។ យើងត្រូវប្រយ័ត្នក្រែងលោវេលាដែលគួរនឹងអធិដ្ឋានរបស់យើងត្រូវឆក់យកទៅ។ ដើម្បីចាំយាមតាមរបៀបជាក់ស្តែង មនុស្សជាច្រើននៅក្នុង ក្រុមជំនុំបានកំណត់ពេលវេលាជាក់លាក់ដើម្បីអធិដ្ឋាន។

នៅខ១៨ ប៉ុលក៏និយាយអំពី”ការទូលអង្វរឲ្យពួកបងប្អូនបរិសុទ្ធទាំងអស់”។ នេះបង្ហាញថាយើងត្រូវអធិដ្ឋានសម្រាប់ពួកបងប្អូនបរិសុទ្ធទាំងអស់ ។ ដើម្បីចាំយាមក្នុងជីវិតនៃការអធិដ្ឋានរបស់យើង យើងត្រូវអធិដ្ឋានតាមរបៀបជាក់លាក់មួយ ។ នេះមានន័យថា យើងគួរតែអធិដ្ឋានជាពិសេសសម្រាប់ការចាំយាមនៃការអធិដ្ឋានរបស់យើង នោះគឺអធិដ្ឋានសម្រាប់ជីវិតនៃការអធិដ្ឋានរបស់យើង និងសម្រាប់ពេលវេលាអធិដ្ឋានរបស់យើង។ យើងក៏ត្រូវការទូលអង្វរសម្រាប់ពួកបងប្អូនបរិសុទ្ធទាំងអស់ផងដែរ។ យើងត្រូវពិចារណាថា តើយើងត្រូវការពេលវេលាប៉ុន្មាន ដើម្បីអធិដ្ឋានសម្រាប់ពួកបងប្អូនបរិសុទ្ធនៅក្នុងតំបន់របស់យើង និងសម្រាប់ពួកបងប្អូនបរិសុទ្ធ នៅទីក្រុង និងប្រទេសដទៃទៀត។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរអេភេសូ មេរៀនទី៦៦)។

ការអធិដ្ឋាន:

ឱព្រះអម្ចាស់អើយ សូមអរព្រះគុណដែលទ្រង់បានសម្តែងឲ្យទូលបង្គំដឹងថា ទូលបង្គំពិតជាត្រូវការជីវិតនៃការអធិដ្ឋាន និងការទទូចអង្វរ ជាពិសេសអធិដ្ឋានសម្រាប់ពួកបងប្អូនបរិសុទ្ធ។ ព្រះអម្ចាស់យេស៊ូ សូមព្រះអង្គប្រទានពរដល់ពួកបងប្អូនទាំងអស់នៅលើផែនដី។ ព្រះអង្គជ្រាបពីតម្រូវការរបស់ពួកគេ។ សូមព្រះអង្គថែរក្សាស្ថានភាពរបស់ពួកគេ ដើម្បីឱ្យពួកគេអាចបទពិសោធ និងអំណរវត្តមានរបស់ព្រះអង្គនៅក្នុងគ្រប់កាលៈទេសៈទាំងអស់។