Comfort in Trials-Khmer (15)

កម្សាន្តចិត្តនៅក្នុងការសាកល្បង
(៣)
នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសផុត

១កូរិនថូស ១០:១៣ ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួងដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង  នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសផុត ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។

ព្រះជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូក

នៅក្នុង ២កូរិនថូស១:៣-៤ សាវកប៉ុលបានសរសើរព្រះ ជាព្រះដ៏កម្សាន្តចិត្តគ្រប់ជំពូកដែលទ្រង់បានកម្សាន្តចិត្តគាត់ និងអ្នករួមការងាររបស់គាត់នៅក្នុងការរងទុក្ខវេទនាទាំងអស់ ដើម្បីឲ្យពួកគេអាចបានការកម្សាន្តចិត្តដល់អ្នករងទុក្ខតាមរយៈបានកម្សាន្តចិត្តដែលពួកគេបានទទួលពីទ្រង់។ លើសពីនេះទៅទៀត គាត់បានចាត់ទុកព្រះជាអ្នកដែលកម្សាន្តចិត្តដល់អ្នកដែលដួលស្តូក ហើយព្រះក៏បានកម្សាន្តចិត្តគាត់ និងអ្នករួមការងាររបស់គាត់ តាមរយៈការមកដល់របស់ទីតុស។ ការកម្សាន្តចិត្តមានភាពខុសគ្នាបន្តិចពីការលួងលោម និងការលួងចិត្ត ការកម្សាន្តចិត្តធ្វើឲ្យមានអារម្មណ៍រីករាយឡើង។ នេះបង្ហាញថាព្រះមិនត្រឹមតែលួងលោម និងលួងចិត្តយើងទេ តែថែមទាំងធ្វើឱ្យយើងរីករាយ ធ្វើឲ្យយើងសប្បាយចិត្តដោយភាពល្អរបស់ទ្រង់។ នេះក៏ជាផ្នែកនៃការងារមួយរបស់ព្រះនៅក្នុងយើង។

ទ្រង់មិនឱ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ

នៅក្នុង ២កូរិនថូស ៤:៨ និង៩ ប៉ុលចង្អុលបង្ហាញពីស្ថានភាពលំបាកដែលនៅក្នុងគាត់។ គាត់និយាយថា “យើងខ្ញុំត្រូវគេសង្កត់ សង្កិនគ្រប់ជំពូកតែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខតែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ “។ ទោះបីជាគាត់បានឆ្លងកាត់ទុក្ខវេទនា សេចក្តីវិលវល់ ការបៀតបៀន និងត្រូវគេវាយដួលស្តូកក៏ដោយក៏ប៉ុលនៅតែមានជីវិតរស់នៅ។ គាត់មិនត្រូវបានទ័លផ្លូវ ឬទ័លគំនិតទេ ហើយគាត់ក៏មិនត្រូវបានគេបោះបង់ចោល ឬបំផ្លាញ ចោលដែរ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរ ២កូរិនថូស ជំពូកទី ៣១)។

ប៉ុលចង្អុលបង្ហាញថា គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នាក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេ។ គាត់ក៏និយាយ​ថា ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ។ ព្រះយកព្រះទ័យទុកដាក់នឹងពួកអ្នកជឿ និងការពារពួកគេ។ ១ពេត្រុស ៥:៧ ចែងថា” ចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។” យើងត្រូវរៀនពីរបៀបដាក់បន្ទុកនៃសេចក្តីទុក្ខព្រួយរបស់យើងមកលើព្រះ។ មូលហេតុដែលយើងអាចផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយទាំងអស់របស់យើងទៅលើព្រះ គឺថា “នេះជារឿងរ៉ាវចំពោះទ្រង់” នឹងយើងរាល់គ្នា ទ្រង់ក៏យកព្រះទ័យទុក ដាក់នឹងយើងផងដែរ។ ព្រះអង្គមានសេចក្តីស្រឡាញ់នឹងពួកអ្នកជឿ ជាពិសេសអ្នកដែលត្រូវគេបៀតបៀន។

រៀបផ្លូវឲ្យពួកអ្នកជឿចៀសផុតពីការល្បួង

ព្រះនៅក្នុងសេចក្តីស្មោះត្រង់របស់ទ្រង់នឹងមិនឱ្យការល្បួងណាមួយកើតឡើងចំពោះយើងលើសពីអ្វីដែលយើងអាចទ្រាំបានឡើយ ព្រះរៀបផ្លូវឲ្យពួកអ្នកជឿចៀសផុតពីការល្បួង: “ ដ្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសផុត ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។” យើងប្រហែលគិតថា ការល្បួងគឺខ្លាំងពេកដែលមិនអាចទប់​ទល់បាន។ ប៉ុន្ដែប៉ុលនិយាយថា គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេ។ គាត់ក៏ធានាដល់យើងថា ព្រះទ្រង់ស្មោះត្រង់ ហើយទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែល ត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសផុត ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។(ការសរុបរួមនៃកណ្ឌគម្ពីរសញ្ញាថ្មី មេរៀនទី២០)។

នៅពេលណាដែលយើងត្រូវបានល្បួង យើងអាចប្រកាន់ភ្ជាប់នៅ១កូរិនថូស ១០:១៣ ហើយនិយាយថា “ ព្រះអម្ចាស់អើយ ទ្រង់មិនអនុញ្ញាតឱ្យទូលបង្គំត្រូវបានល្បួងហួសពីទូលបង្គំអាចធ្វើបាននោះទេ ប៉ុន្តែនៅវេលាដែលត្រូវល្បួង ទ្រង់នឹងរៀបផ្លូវឲ្យចៀសផុត ដើម្បីឱ្យទូលបង្គំអាចនឹងទ្រាំបាន។ នៅពេលយើងអធិដ្ឋានដល់ព្រះអម្ចាស់តាមរបៀបនេះ ដោយប្រាប់ទ្រង់ថា ព្រះអង្គជ្រាបយើងអាច ទ្រាំបានប៉ុណ្ណា នោះទ្រង់នឹងរៀបចំផ្លូវដោយការចែកចាយរបស់ទ្រង់ ដែលឱ្យយើងអាចទ្រាំនឹងការល្បួងបាន។

ការអធិដ្ឋាន៖

ព្រះអម្ចាស់យេស៊ូ អរគុណដល់ព្រះអង្គជាព្រះដ៏ស្មោះត្រង់! ព្រះអង្គមិនឲ្យទូលបង្គំត្រូវបានល្បួងហួសពីអ្វីដែលទូលបង្គំអាចទ្រាំបានទេ។ ព្រះអង្គនឹងរៀបផ្លូវចេញពីគ្រប់ទាំងការល្បួងទាំងអស់។ ព្រះអម្ចាស់អើយ ទូលបង្គំត្រូវការព្រះអង្គគ្រប់ពេលវេលា។ ទូលបង្គំបើកខ្លួនឯងរបស់ទូលបង្គំទៅចំពោះព្រះអង្គ។ព្រះអង្គជ្រាបថាទូលបង្គំមានការលំបាកជាច្រើន ព្រះអង្គជ្រាបពីគ្រប់ទាំងការលំបាក ទាំងអស់។ ទូលបង្គំជឿថាព្រះអង្គបានរៀបចំផ្លូវល្អបំផុតសម្រាប់ទូលបង្គំ។ ទូលបង្គំសរសើរតម្តើងព្រះអង្គ!