Comfort in Trials-Khmer (6)

សេចក្តីទទូចអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត

យ៉ាកុប ៥:១៦-១៨ ដ្បិតសេចក្ដីទទូចអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់១៧ ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋានសូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ១៨ រួចលោកបានអធិស្ឋានម្ដងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីបានបង្កើតផលផ្លែឡើង។

សេចក្តីទទូចអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត

នៅក្នុង៥:១៦-១៨យ៉ាកុបនិយាយអំពីសេចក្តីទទូចអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត។ ការអធិដ្ឋានដែលអេលីយ៉ាបានអធិដ្ឋានគឺអស្ចារ្យណាស់ ព្រោះគាត់បានអធិដ្ឋានថា វានឹងមិនមានភ្លៀងធ្លាក់លើផែនដីរយៈពេល៣ឆ្នាំ៦ខែ។ នេះគឺអស្ចារ្យជាជាងការអធិដ្ឋានសម្រាប់ការព្យាបាលអ្នកមានជំងឺទៅទៀត។ បន្ទាប់ពី៣ឆ្នាំកន្លះ អេលីយ៉ាបានអធិដ្ឋានម្តងទៀត ដោយម្តងនេះអធិដ្ឋានថា មេឃត្រូវបង្អុរភ្លៀងធ្លាក់មក ។ មេឃក៏បានបង្អុរភ្លៀងធ្លាក់មក ហើយផែនដីក៏បង្កើតផលផ្លែឡើង ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរយ៉ាកុប មេរៀនទី១២ )

ការអធិដ្ឋានដែលមកពីព្រះអម្ចាស់បានផ្តល់ឲ្យអេលីយ៉ានូវអ្វីដែលគាត់បានអធិដ្ឋាន។ គាត់បានអធិដ្ឋាននៅក្នុងការអធិដ្ឋាន និងរួមទាំងការអធិដ្ឋានដែលបានផ្តល់ឲ្យដោយព្រះអម្ចាស់សម្រាប់ការសម្រេចនូវគោលបំណងរបស់ព្រះ។ នៅក្នុងការអធិដ្ឋានរបស់យើងត្រូវតែមានការអធិដ្ឋានពីព្រះគ្រិស្ត។ លោក អាន់ដ្រូ មូរីយ(Andrew Murray) បាននិយាយថាការអធិដ្ឋានដ៏ល្អបំផុត គឺដែលព្រះគ្រិស្តអធិដ្ឋាននៅក្នុងយើងទៅកាន់ព្រះគ្រិស្តនៅឋានសួគ៌។ តាមរយៈការអធិដ្ឋានយ៉ាងនេះ ទ្រង់មានផ្លូវហូរចេញពីខាងក្នុងយើង។ ដំបូង យើងនឹងបានស្រោចទឹក ហើយបន្ទាប់មកទឹកនេះនឹងហូរទៅអ្នកដទៃ។

ប្រសិនបើយើងអធិដ្ឋានសម្រាប់តម្រូវការអ្នកដទៃ 
ព្រះនឹងយកព្រះទ័យទុកដាក់នូវតម្រូវការរបស់យើង

អ័ប៊ីម៉ា្មឡិចត្រូវការការទទូចអង្វររបស់អ័ប្រាហាំ។ ប្រសិនបើខ្ញុំជាអ័ប្រាហាំខ្ញុំអាចនិយាយថា ” អ័ប៊ីម៉ា្មឡិចអើយ ទ្រង់សុំឲ្យខ្ញុំអធិដ្ឋានសម្រាប់ទ្រង់។ ខ្ញុំបានអធិដ្ឋានឲ្យប្រពន្ធខ្ញុំអស់ជាច្រើនឆ្នាំហើយ តែមិនបានឃើញទទួលចម្លើយសោះ។ ដោយសារតែបញ្ហានេះ ខ្ញុំមិនប្រាកដថា ព្រះនឹងឆ្លើយតបការអធិដ្ឋានរបស់ខ្ញុំសម្រាប់ទ្រង់ឬអត់ ហើយខ្ញុំក៏មិនមានភាពក្លាហានក្នុងការអធិដ្ឋានដែរ។” យើងត្រូវតែភ្លេចអំពីការអធិដ្ឋានដែលមិនបានឆ្លើយតប ហើយអធិដ្ឋានសម្រាប់អ្នកដទៃ។ ប្រសិនបើយើងមិនអធិដ្ឋានសម្រាប់អ្នកដទៃទេ ព្រះប្រហែលជាមិនឆ្លើយតបការអធិដ្ឋានសម្រាប់តម្រូវការរបស់យើងដែរ។ កុំនិយាយថា ដោយសារការអធិដ្ឋានរបស់ខ្លួនអ្នកនៅមិនទាន់បានសម្រេច អ្នកមិនអាចអធិដ្ឋានសម្រាប់អ្នកដទៃបាននោះ។ ពេលអ័ប្រាហាំភ្លេចតម្រូវការរបស់គាត់ ហើយបានទទូចអង្វរសម្រាប់អ័ប៊ីម៉ា្មឡិច និងក្រុមគ្រួសារទ្រង់ មិនត្រឹមតែតម្រូវការរបស់ទ្រង់បានឆ្លើយតបប៉ុណ្ណោះទេ តែតម្រូវការរបស់គាត់ក៏បានឆ្លើយតបផងដែរ។ ប្រសិនបើអ្នកភ្លេចតម្រូវការរបស់អ្នក ហើយអធិដ្ឋានសម្រាប់តម្រូវការរបស់អ្នកដទៃ នោះព្រះនឹងមិនត្រឹមតែឆ្លើយតបការអធិដ្ឋានរបស់អ្នកសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លើយតបការអធិដ្ឋានរបស់អ្នកសម្រាប់ខ្លួនអ្នកផងដែរ។ ព្រះទ្រង់នឹងយកព្រះទ័យទុកដាក់ សម្រាប់តម្រូវការរបស់អ្នក។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរលោកុប្បត្តិ, មេរៀនទី ៥៥)

ការក្រោកឡើងដើម្បីអធិដ្ឋានសម្រាប់ក្រុមជំនុំ
ពាសពេញផែនដី និងសម្រាប់ពួកបងប្អូនបរិសុទ្ធទាំងអស់

យើងត្រូវការជីវិតអធិដ្ឋាន។ ជីវិតអធិដ្ឋានដ៏ពិត គឺតែងតែជាជីវិតនៃការទទូចអង្វរ។ ការអធិដ្ឋានពិតប្រាកដមិនមែនអធិដ្ឋានសំខាន់សម្រាប់ខ្លួនយើងនោះទេ តែគឺបន្ដអធិដ្ឋានសម្រាប់អ្នកដទៃ។ យើងត្រូវអធិដ្ឋានសម្រាប់ក្រុមជំនុំនៅពាសពេញផែនដី និងសម្រាប់ពួកបងប្អូនបរិសុទ្ធទាំងអស់។ យើងត្រូវអធិដ្ឋានសម្រាប់បងប្អូនចាស់ទុំ បងប្អូនក្មេងៗ និងពួកអ្នកទាស់ប្រឆាំង។ ពីមួយថ្ងៃទៅមួយថ្ងៃយើង អធិដ្ឋានមិនមែនផ្តោតសំខាន់សម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកដទៃ។ យើងត្រូវការជីវិតនៃការទទូចអង្វរបែបនេះ។ ការ ទទូចអង្វរដែលបានថ្វាយនៅឯអាសនាគ្រឿងក្រអូបគួរតែកើនឡើងជារៀងរាល់ថ្ងៃ។

សូមឲ្យយើងទាំងអស់គ្នាក្រោកឡើង ដើម្បីស្វែងរកជីវិតនៃការទទូចអង្វរបែបនេះ។ នៅពេលដែលក្រុមជំនុំ និងពួកបងប្អូនបរិសុទ្ធ អធិដ្ឋានរួមជាមួយព្រះគ្រិស្ត នោះព្រះវិញ្ញាណផ្តល់ជីវិតនឹងអនុវត្តនូវអ្វីដែលយើងអធិដ្ឋាន ដោយនាំការទទូចអង្វររបស់ព្រះគ្រិស្តទៅកាន់គ្រប់ទីកន្លែងនៅលើផែនដីទាក់ទងនឹងការសព្វព្រះទ័យរបស់ព្រះ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរនិក្ខមនំ, មេរៀនទី ១៤៨)

ការអធិដ្ឋាន:

ឱព្រះអម្ចាស់យេស៊ូអើយ សូមប្រទានបន្ទុកនៃការអធិដ្ឋានដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចអធិដ្ឋានដោយស្មោះអស់ពីចិត្ត។ បើកសម្តែងបំណងព្រះទ័យទ្រង់ដល់ទូលបង្គំ ហើយទូលបង្គំសូមអធិដ្ឋានតាមបំណងព្រះទ័យទ្រង់។ ព្រះអម្ចាស់អើយ ទូលបង្គំសុខចិត្តធ្វើជាមនុស្សនៃការអធិដ្ឋាន អធិដ្ឋានសម្រាប់ក្រុមជំនុំនិងសម្រាប់ពួកបងប្អូនបរិសុទ្ធទាំងអស់។ សូមរក្សាបងប្អូនប្រុសស្រីគ្រប់គ្នាដោយ ព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់។ បំពេញបំណងព្រះទ័យរបស់ទ្រង់តាមរយៈការអធិដ្ឋានរបស់ទូលបង្គំ។